KhmerPronunciationEnglish/Notes#occ
ទៅវិញទៅមក tɨv vɨɲ tɨv mɔɔk 1. back and forth
2. mutually, reciprocally
3. to each other
13/11

Link to overview page
Link to dictionary

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Offering food or drinks and accepting such an offer — Cultural note


នៅប្រទេសកម្ពុជា ជាពិសេសនៅជនបទ អ្នកជិតខាងដែលរាប់អានគ្នា តែងតែឲ្យចំណីចំណុកគ្នាទៅវិញទៅមកនៅពេលពួកគាត់មានអាហារឆ្ងាញ់ជនជាតិខ្មែរមិនទម្លាប់និយាយពាក្យ អរគុណ ចំពោះក្រុមគ្រួសារឯងទេ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថាមិនស្និទ្ធស្នាលប៉ុន្តែ នៅពេលទទួលរបស់ ការជួយអ្វីមួយពីអ្នកដទៃ ពាក្យ អរគុណ គឺចាំបាច់ណាស់

Expressing thanks 2 — Cultural note


នៅប្រទេសកម្ពុជាក៏ដូចជានៅប្រទេសផ្សេងដែរ គឺបុរសតែងតែស្ម័គ្រចិត្តចូលទៅជួយ នៅពេលឃើញស្ត្រីកំពុងធ្វើការងារធ្ងន់អ្វីមួយ ពីព្រោះបុរសមានកម្លាំងខ្លាំងជាងស្ត្រីជនជាតិខ្មែរតែងតែចងចាំនិងឲ្យតម្លៃការជួយគ្នាទៅវិញទៅមកបានយូរអង្វែងណាស់ការជូនជាម្ហូបចំណីចំណុកបន្តិចបន្តួចជាញឹកញាប់ទៅអ្នកជិតខាងអ្នកធ្លាប់មានគុណ ទោះជាមិនមែនក្នុងឱកាសអ្វីជាពិសេសដ៏ដោយ គឺជាទម្លាប់របស់ជនជាតិខ្មែរដើម្បីសម្ដែងការអរគុណ

Khmer New Year (Sakanan) — 11


ចូលដល់រូបភាពទី ១១ រូបភាពទី ១១ នៅក្នុងពិធីចូលឆ្នាំខ្មែរ ពេលខ្លះគឺយើងលេងទឹក ហើយនៅក្នុងតំបន់ខ្លះ គាត់លេងប៉ាតម្សៅគ្នាអញ្ចឹងគាត់យកម្សៅដែលក្រអូបបាទ គាត់យកមកដាក់នៅនឹងដៃរបស់គាត់ បន្ទាប់មកគឺគាត់យកទៅជូតនឹងមុខអ្នកដទៃដូចជាក់ស្ដែង យើងឃើញនៅក្នុងរូបភាពទី ១១ នេះ គឺមានក្មេងប្រុសម្នាក់ បាទ គាត់យកម្សៅ ដែលដៃម្ខាងគាត់មានម្សៅមួយពំនូក ហើយគាត់បានយកដៃម្ខាងទៀតទៅទះថ្ពាល់របស់ក្មេងស្រីនោះ ដោយគាត់យកម្សៅទៅលាបលើមុខរបស់ក្មេងស្រី អញ្ចឹងយើងលាបមុខឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យសប្បាយរីករាយ ហើយបានន័យថា យើងបានលាបរបស់ល្អឬក៏លាបសុភមង្គល ឬក៏សេចក្តីសប្បាយរីករាយទៅលើអ្នកដទៃ អញ្ចឹងយើងចែករំលែកសេចក្តីសប្បាយរីករាយ ទៅឲ្យគ្នាទៅវិញទៅមកតាមរយៈការលាបម្សៅនេះផងដែរ

Boats (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ជារៀងរាល់ពេល នៅពេលដែលយើងជិះទូក គឺទូកតែងតែឃ្លោង ម្ដងផ្អៀងឆ្វេង ម្ដងផ្អៀងស្ដាំ ម្ដងបះឡើងលើ ម្ដងមុជចុះក្រោម អញ្ចឹងអ្នកជិះទូកគឺភាគច្រើនគឺគាត់ពុលរលក អញ្ចឹងអាការៈពុលរលក គឺស្រដៀងនឹងអាការៈពុលឡានដែរ ការពុលឡាន ពុលយន្តហោះ ពុលរលក គឺមានអាការៈដូចគ្នា ដែលយើងមានអាការៈវិលមុខ ឈឺក្បាល និងចង់ក្អួត ដោយសារតែយើងមិនអាចទប់ទល់ និងការឃ្លីងឃ្លោងរបស់ទូកបាន ដែលជាក់ស្ដែងអ្នកខ្លះដែលគាត់មានសុខភាពខ្សោយ អ្នកខ្លះដែលគាត់មានសុខភាពទន់ខ្សោយ គឺគាត់តែងតែពុល មិនថាគាត់ជិះឡាន ជិះយន្តហោះ ឬក៏ជិះទូកនោះទេ គឺនៅពេលដែលគាត់ជិះបានបន្តិច គឺគាត់តែងតែមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត ដែលជាក់ស្ដែងបុរសដែលនៅក្នុងរូបភាពទីនេះ បុរសដែលពាក់អាវពណ៌ស្វាយដៃខ្លី គឺគាត់កំពុងតែពុលរលក ដោយយើងឃើញគាត់កំពុងតែយកដៃខ្ទប់ក្បាលរបស់គាត់ បានន័យថាគាត់ឈឺក្បាល ឬក៏វិលមុខយ៉ាងខ្លាំង ដែលយើងឃើញភ្នែករបស់គាត់ កំពុងតែស្រឡេវ គឺសម្លឹងទៅរកគ្នាទៅវិញទៅមក អញ្ចឹងគាត់មានអារម្មណ៍ថាវិលមុខ ដោយសារតែពុលរលក ហើយមាត់របស់គាត់គឺកំពុងតែក្រៀម ឬក៏កំពុងតែខំបិទមាត់ ព្រោះថាមាត់របស់គាត់គឺគាត់ចង់ក្អួត អញ្ចឹងអ្នកដែលពុលរលកទាំងអស់ គឺតែងតែចង់ក្អួត មានអាការៈចង់ក្អួត និងវិលមុខ និងឈឺក្បាល ដូច្នេះដូចជាមនុស្សឈឺ អញ្ចឹងដែរគឺមិនស្រួលក្នុងខ្លួននោះទេ គឺតែងតែឈឺក្បាល វិលមុខ នៅពេលដែលយើងពុលរលក ដូច្នេះបុរសម្នាក់នេះ នៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែពុលរលក និងមានអាការៈឈឺក្បាល វិលមុខ និងចង់ក្អួត

Motorcycle Taxi (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ ដោយសារតែនារីម្នាក់នោះ គាត់អត់មានលុយរាយ ដូច្នេះនារីម្នាក់នោះ គាត់ក៏បានឲ្យលុយជាប់ទៅឲ្យបុរស ដែលជាម្ចាស់ម៉ូតូឌុបអញ្ចឹងដោយសារតែតម្លៃលុយនោះ គឺវាច្រើនជាងអ្វីដែលបុរសដែលជាម្ចាស់ម៉ូតូឌុបត្រូវយក អញ្ចឹងគាត់ត្រូវអាប់លុយទៅឲ្យនារីម្នាក់នោះវិញដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទី ១៤ នេះ គឺនៅពេលដែលបុរសដែលជាម្ចាស់ម៉ូតូនោះ គាត់បានទទួលយកលុយពីនារីម្នាក់ ដែលជាអតិថិជនរបស់គាត់ហើយ អញ្ចឹងគាត់ក៏បានយកកាក់ ឬក៏សេន មកអាប់ឲ្យនារីម្នាក់នោះវិញ ដោយសារតែវា នារីម្នាក់នោះ គាត់ឲ្យលុយទៅលើសចំនួន ឬក៏លើសតម្លៃនៃការជិះម៉ូតឌុបដូច្នេះប្រសិនបើយើងអត់លុយរាយ យើងឲ្យលុយជាប់ទៅគេ ហើយលុយរបស់យើងគឺច្រើនជាងតម្លៃនៃអ្វីដែលយើងបានទិញ ឬក៏តម្លៃនៃម៉ូតូឌុប ដែលយើងបាននិយាយគ្នា អញ្ចឹងអ្នកលក់ ឬក៏ម្ចាស់ម៉ូតូ គាត់តែងតែអាប់លុយមកឲ្យយើងវិញ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺបន្ទាប់ពីបុរសដែលជាម្ចាស់ម៉ូតូឌុប គាត់បានទទួលយកលុយពីនារីម្នាក់នោះហើយ គាត់ក៏បានយកលុយមួយចំនួន ឬក៏កាក់មួយចំនួន អាប់ត្រលប់ឲ្យនារីម្នាក់នោះវិញ ដោយយើងឃើញគាត់កាន់លុយនៅដៃឆ្វេង ហើយដៃស្ដាំគាត់ទម្លាក់កាក់ទៅឲ្យនារីម្នាក់នោះអញ្ចឹងនារីម្នាក់នោះ គាត់ក៏បានលើកដៃរបស់គាត់ទទួលយកប្រាក់អាប់មកពីបុរសដែលជាម្ចាស់ម៉ូតូវិញផងដែរ ដោយយើងឃើញគាត់លើកដៃឆ្វេង ដើម្បីទទួលយកប្រាក់អាប់អញ្ចឹងពួកគេទាំងពីរអ្នក ក៏បានឲ្យលុយគ្នាទៅវិញទៅមក ដោយម្ខាងឲ្យលុយ ម្ខាងទៀតទទួលយកប្រាក់អាប់អញ្ចឹងលុយដែលយើងអាប់មកពីលុយធំ លុយជាប់ អញ្ចឹងនៅពេលដែលយើងទិញទំនិញផ្សេងដោយយើងឲ្យលុយធំ ឬក៏លុយជាប់ទៅ ហើយគេមានប្រាក់រាយត្រលប់មកវិញ យើងហៅថាលុយអាប់អញ្ចឹងនារីម្នាក់នេះ នៅក្នុងរូបភាពទី ១៤ គឺគាត់កំពុងតែទទួលលុយអាប់

Cutting One’s Finger (Sakanan) — 17


នៅក្នុងរូបភាពទី ១៧ បាទ ចូលដល់នៅក្នុងរូបភាពទី ១៧ វិញ បុរសម្នាក់នោះបានជួបជាមួយនឹងអ្នកលក់ បាទ ជួបជាមួយនឹងអ្នកលក់ ឬក៏គ្រូពេទ្យ ឬក៏ម្ចាស់ឱសថស្ថាន អញ្ចឹងគាត់ជួបហើយ គាត់បាននិយាយទៅកាន់ម្ចាស់ឱសថស្ថាននោះថា គាត់ត្រូវការបង់បិទដំបៅមួយប្រអប់ បាទ អញ្ចឹងយើងឃើញនៅ នៅពីលើបុរសនោះ គឺមានបង់បិទដំបៅជាច្រើន អញ្ចឹងបានន័យថាគាត់កំពុងតែនិយាយទៅកាន់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យថាគាត់ចង់ទិញបង់បិទដំបៅ បាទ ចំណែកម្ចាស់ឱសថស្ថានវិញ យើងឃើញថា គាត់ពាក់អាវដៃខ្លី ហើយមានចងអៀមពណ៌ទឹកសមុទ្រ អញ្ចឹងគាត់ពាក់អាវដៃខ្លី ចងអៀមពណ៌ទឹកសមុទ្រ ចំណែកសក់របស់គាត់គឺទំពែក អញ្ចឹងគាត់ទំពែកក្បាល គាត់មានសក់តែខាងក្រោយតែប៉ុណ្ណោះ យើងឃើញនៅក្នុងដៃរបស់ម្ចាស់ឱសថស្ថាន ឬក៏គ្រូពេទ្យនោះ គឺមានកាន់បង់បិទដំបៅមួយប្រអប់ អញ្ចឹងបុរសនោះ គាត់ទិញបង់បិទដំបៅ ដូច្នេះហើយ ទើបម្ចាស់ឱសថស្ថាន គាត់យកបង់បិទដំបៅឲ្យទៅបុរសនោះ អញ្ចឹងពួកគេទាំងពីរនាក់គឺ គឺកំពុងតែធ្វើការទិញ ទិញលក់គ្នានូវបង់បិទដំបៅ ដូច្នេះម្ចាស់ឱសថស្ថានត្រូវប្រគល់បង់បិទដំបៅទៅឲ្យបុរសនោះ ចំណែកបុរសនោះ គាត់ត្រូវប្រគល់លុយថ្លៃបង់បិទដំបៅទៅឲ្យម្ចាស់ឱសថស្ថានវិញ អញ្ចឹងរាល់ការទិញលក់ យើងត្រូវប្រគល់ទំនិញនិងប្រគល់លុយទៅឲ្យគ្នាទៅវិញទៅមក ដូចជាការទិញនៅក្នុងឱសថស្ថាននេះអញ្ចឹង ហើយឱសថស្ថានគឺយើងមិនមែនលក់តែបង់បិទដំបៅតែមួយមុខនោះទេ ក៏ប៉ុន្តែយើងលក់ជាច្រើន ដូចជាថ្នាំ ដូចជាបង់បិទដំបៅ ដូចជាសេរ៉ូម ដូចជាម្ជុលចាក់ថ្នាំជាដើមអញ្ចឹងសម្ភារៈរបស់ពេទ្យ ឬក៏សម្ភារៈវេជ្ជសាស្ត្រមានលក់នៅក្នុងឱសថស្ថាន បាទ អញ្ចឹងពេលយើង ពេល នៅពេលដែលយើងចង់ទិញថ្នាំ ឬក៏ចង់ទិញបង់បិទដំបៅផ្សេងយើងត្រូវទៅរកឱសថស្ថាន ដើម្បីឲ្យគេផ្សំថ្នាំឲ្យ បាទ ចំពោះការផ្សំថ្នាំ ទៀតសោតគឺយើងមិនត្រូវផ្សំផ្ដេសផ្ដាសនោះទេ គឺយើងត្រូវផ្សំតាមវេជ្ជបញ្ជារបស់ពេទ្យ អញ្ចឹងការណែនាំរបស់ពេទ្យគេហៅថាវេជ្ជបញ្ជា ដូច្នេះនៅពេលដែលយើងឈឺ យើងត្រូវទៅពេទ្យ បន្ទាប់មកយកវេជ្ជបញ្ជា ដើម្បីមកផ្សំថ្នាំនៅតាមឱសថស្ថានដែលស្របច្បាប់នានា ដើម្បីព្យាបាលជំងឺយើងឲ្យបានជាសះស្បើយ

Phone (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីគឺជា យើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយមេដៃកំពុងតែចុចលើអក្សរនៅលើទូរស័ព្ទ បានន័យថាចុចទៅលើអេក្រង់ទូរស័ព្ទដែលមានអក្សរ អញ្ចឹងបានន័យថាគាត់កំពុងតែលេងសារ ឬក៏គាត់ផ្ញើសារ អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺយើងមានកម្មវិធីផ្ញើសារច្រើន បាទ កម្មវិធីដែលយើងប្រើប្រាស់ដើម្បីផ្ញើសារគឺមានច្រើន ដូចជាកម្មវិធី Line កម្មវិធី WhatsApp កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម អញ្ចឹងគឺមានច្រើន ដូចជា Telegram អីផងដែរ ដោយយើងពេញនិយមលេងនៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីដែលយើងពេញនិយមលេងជាងគេបំផុតនោះ គឺកម្មវិធី Line និង Messenger ដែលភាគច្រើនជាទូទៅគឺយុវជន ឬក៏យុវវ័យនៅក្នុងប្រទេសកម្ពុជា គឺគាត់ចូលចិត្តលេងនៅក្នុងកម្មវិធីទាំងពីរនេះណាស់ ដោយសារតែវាមានភាពងាយស្រួលក្នុងការលេងសារតាមទូរស័ព្ទប្រភេទនេះ ឬក៏តាមកម្មវិធីប្រភេទនេះ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែផ្ញើសារទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់ក្រុមគ្រួសាររបស់គាត់ ដោយយើងឃើញគាត់កំពុងតែសរសេរអក្សរនៅលើសារ នៅលើទូរស័ព្ទដើម្បីផ្ញើ ប៉ុន្តែកម្មវិធីទាំងអស់នេះ ដូចជាកម្មវិធី Line កម្មវិធី Messenger ឬក៏កម្មវិធី Viber ជាដើម គឺយើងត្រូវការប្រើប្រាស់អ៊ីនធឺណិតដើម្បីលេង អញ្ចឹងកាលពីមុននៅពេលដែលទូរស័ព្ទអត់ទាន់មានអ៊ីនធឺណិត គឺយើងប្រើប្រាស់សារនៅក្នុងទូរស័ព្ទ ដើម្បីផ្ញើទៅគ្នាទៅវិញទៅមក ដូច្នេះយើងអត់ចាំបាច់ត្រូវការអ៊ីនធឺណិត ក៏យើងអាចផ្ញើសារជជែកគ្នាលេងបានដូចគ្នា អញ្ចឹងនៅពេលដែលបច្ចុប្បន្ន នៅពេលដែលទូរស័ព្ទទំនើប គឺយើងអាចប្រើប្រាស់អ៊ីនធឺណិតបាន ដូច្នេះយើងអាចប្រើប្រាស់កម្មវិធីអ៊ីនធឺណិតមួយចំនួន ដើម្បីទាក់ទងគ្នា ដើម្បីសន្សំសំចៃមិនសូវចំណាយលុយច្រើនផងដែរ ដូច្នេះនៅក្នុងរូបភាពទីនេះ គឺគាត់កំពុងតែចុចផ្ញើសារជជែកកម្សាន្តទៅកាន់មិត្តភក្តិរបស់គាត់ ឬក៏ទៅកាន់មិត្តស្រីរបស់គាត់ ដើម្បីជជែកគ្នាលេងជំនួសឲ្យការនិយាយទូរស័ព្ទ ព្រោះពេលខ្លះមនុស្សយើង អ្នកខ្លះ គាត់អត់ចូលចិត្តនិយាយទូរស័ព្ទច្រើននោះទេ ដូច្នេះហើយគាត់ប្រើប្រាស់ការសរសេរជំនួសឲ្យការនិយាយវិញ អញ្ចឹងគាត់មានជម្រើស គឺគាត់ប្រើប្រាស់កម្មវិធីផ្ញើសារជជែកកម្សាន្ត ដើម្បីជជែកលេងជាមួយមិត្តភក្តិរបស់គាត់ជំនួសឲ្យការនិយាយ

Motorcycle Taxi (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់ចុះពីលើម៉ូតូហើយ គាត់ក៏បានដើរសំដៅមករកហាងកាហ្វេមួយ ដោយនៅក្នុងនោះយើងឃើញមិត្តភក្តិរបស់គាត់ម្នាក់ កំពុងតែអង្គុយនៅក្នុងហាងកាហ្វេនោះអញ្ចឹងនារីម្នាក់នោះ គាត់ក៏បានដើរចូលមកតាមខ្លោងទ្វារ ឬក៏តាមមាត់ទ្វារហាង ដោយយើងឃើញនៅក្បែរមាត់ទ្វារនោះ គឺមានរូបថតព្យួរជាច្រើន ដែលរូបថតទាំងនោះ អាចជារូបគំនូរ ជារូបថត ដែលគេដាក់តាំងលម្អនៅក្នុងហាងកាហ្វេរបស់គេអញ្ចឹងនារីម្នាក់នោះ គាត់បានដើរចូលតាមទ្វារ ហើយគាត់ដើរមកដល់ គាត់លើកដៃម្ខាងឡើង ដើម្បីហៅមិត្តភក្តិរបស់គាត់ អញ្ចឹងគាត់លើកដៃឆ្វេងរបស់គាត់ឡើង រីឯដៃស្ដាំគឺគាត់នៅតែទប់កាបូបដែលស្ពាយនៅនឹងស្មាចំណែកឯយើងឃើញមានបុរសម្នាក់ដែលកំពុងអង្គុយនៅលើកៅអី [នៅលើនឹង]តុ នៅក្នុងហាងកាហ្វេនោះផងដែរ ដោយបុរសម្នាក់នោះ គាត់ពាក់អាវដៃខ្លីពណ៌លឿង ស្លៀកខោជើងវែងពណ៌ ហើយនៅលើតុរបស់គាត់គឺមានកែវកាហ្វេចំនួនមួយ អញ្ចឹងបានន័យថាគាត់ណាត់ជាមួយនឹងនារីម្នាក់នោះ ដើម្បីមកញ៉ាំកាហ្វេនៅក្នុងហាងកាហ្វេ ដើម្បីនិយាយគ្នាអំពីការងារ ឬក៏អំពីការសិក្សាផ្សេងអញ្ចឹងនារីម្នាក់នោះគាត់ក៏បានមកដល់ ហើយពួកគេទាំងពីរនាក់ ក៏បានលើកដៃឡើង ដើម្បីជាសញ្ញាហៅគ្នាទៅវិញទៅមកដោយយើងឃើញបុរសដែលជាអ្នកអង្គុយនៅក្នុងហាងកាហ្វេនោះ គឺគាត់លើកដៃទាំងពីរឡើង ហើយគាត់ញញឹម បានន័យថាគាត់សប្បាយរីករាយ ដោយសារតែគាត់ឃើញនារីម្នាក់នោះ ដែលជាមិត្តភក្តិរបស់គាត់ មកទាន់ការណាត់ហើយនៅក្បែរតុរបស់បុរសម្នាក់នោះ យើងឃើញមានតុកាហ្វេចំនួនមួយទៀត អញ្ចឹងបានន័យថា ហាងកាហ្វេនោះគឺមានតុច្រើន ដែលដាក់នៅក្បែរគ្នា ដោយយើងឃើញមានតុចំនួនមួយទៀតដែលនៅក្បែរនោះ ហើយមានកែវកាហ្វេនៅលើតុនោះផងដែរអញ្ចឹងពួកគេទាំងពីរអ្នកមកហាងកាហ្វេ ដើម្បីញ៉ាំកាហ្វេ ជជែកគ្នាអំពីរឿងការសិក្សា អំពីការងារផងដែរ ដោយយើងឃើញពួកគេគឺមកទាន់ម៉ោង បានន័យថា ពួកគេអត់មកយឺតជាងម៉ោងណាត់នោះទេអញ្ចឹងពួកគេណាត់គ្នាម៉ោងប៉ុន្មាន ពួកគេមកម៉ោងប៉ុននោះ អញ្ចឹងអត់មាននរណាម្នាក់យឺតនោះទេទោះបីជាស្ទះផ្លូវក៏ដោយ អញ្ចឹងនារីម្នាក់នោះ ដោយសារតែស្ទះផ្លូវខ្លាំងពេក ហើយគាត់ខ្លាចមកខកការណាត់ ឬក៏ខ្លាចមកយឺត ដូច្នេះគាត់ក៏សម្រេចចិត្តរត់ និងជិះម៉ូតូឌុប ដើម្បីមកហាងកាហ្វេ ជួបនឹងមិត្តភក្តិរបស់គាត់ ដើម្បីកុំឲ្យយឺតម៉ោង

Khmer New Year (Sakanan) — 10


បន្ទាប់មករូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា មានក្មេងចំនួននាក់ បាទ គាត់កំពុងតែរត់លេងទឹក បាទ អញ្ចឹងនៅពេលដែលក្នុងថ្ងៃចូលឆ្នាំ គឺ យើងមានពិធីច្រើន ដូចជាស្រង់ព្រះ ដូចជាការលេងល្បែងប្រជាប្រិយ ហើយស្រង់ព្រះគឺយើងលេងជាមួយនឹងទឹក ដូច្នេះ បន្ទាប់ពីយើងស្រង់ព្រះឲ្យអ្នកមានគុណ ឬក៏ឲ្យចាស់រួចរាល់ហើយ យើងក៏បានយកទឹកមកជះដាក់គ្នាលេង អញ្ចឹងយើងលេងទឹកដោយជះដាក់គ្នាទៅវិញទៅមក ហើយការលេងបែបនេះ គឺយើងមិនប្រកាន់គ្នានោះទេ ព្រោះថាជាថ្ងៃចូលឆ្នាំថ្មី គឺយើងសប្បាយ យើងលាងជម្រះខ្លួនឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យជ្រះនូវភាពចង្រៃ ឬក៏រឿងរ៉ាវអាក្រក់ទាំងប៉ុន្មានឲ្យទៅតាមទឹកទាំងអស់ដូចនៅក្នុងរូបភាពនេះ យើងឃើញថា មានក្មេងស្រីម្នាក់ បាទ ក្មេងស្រីនោះ គាត់ពាក់អាវដៃខ្លីពណ៌ទឹកក្រូច ស្លៀកខោជើងខ្លីពណ៌ ក្មេងស្រីនោះអាយុប្រហែលជា ១៥ ឆ្នាំ ឬក៏ ១០ ឆ្នាំ គាត់ចងសក់ទីទុយ បាទ គាត់ចងសក់ទីទុយ ដោយដៃទាំងពីររបស់គាត់កាន់ធុងទឹកពណ៌បៃតងមួយ អញ្ចឹងគាត់កាន់ធុងទឹក ហើយគាត់រត់មកជះទឹកដែលនៅក្នុងធុងនោះ ទៅដាក់ក្មេងប្រុសម្នាក់ បាទ យើងឃើញក្មេងប្រុសម្នាក់នោះ គឺគាត់ដោះអាវ គាត់មិនមានពាក់អាវនោះទេ ហើយគាត់ស្លៀកខោជើងខ្លីពណ៌ ដោយដៃរបស់គាត់កាន់កាំភ្លើងបាញ់ទឹក អញ្ចឹងគាត់កាន់កាំភ្លើងបាញ់ទឹក ដោយលើកកាំភ្លើងនោះឡើងលើ ហើយដៃគាត់ទាំងពីរគឺលើកឡើងលើ ដោយដៃម្ខាងគាត់យកទៅបាំងមុខរបស់គាត់ ដោយគាត់មិនចង់ឲ្យទឹកមកទទឹកមុខរបស់គាត់អញ្ចឹងនៅពេលដែលគាត់លេងជះទឹក គឺគាត់នឹងសើមខ្លួនទាំងអស់ ដូច្នេះពេលខ្លះគាត់គ្រាន់តែយកដៃមកបាំងមុខ ដើម្បីកុំឲ្យទឹកចូលភ្នែកគាត់តែប៉ុណ្ណោះនៅខាងក្រោយក្មេងប្រុសម្នាក់នោះ យើងឃើញមានក្មេងប្រុសម្នាក់ទៀត កំពុងតែរត់មកលេងជាមួយគ្នាដែរ ដែលក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌លឿង ដៃខ្លី ស្លៀកខោជើងខ្លីពណ៌លឿង ហើយក្មេងប្រុសម្នាក់នោះ គាត់ក៏កំពុងតែកាន់កាំភ្លើងបាញ់ទឹកមួយផងដែរគាត់កាន់កាំភ្លើងបាញ់ទឹក គឺដើម្បីបាញ់ទឹកលេងជាមួយនឹងក្មេងដទៃទៀតដែលនៅក្នុងភូមិ បាទ ពួកគេទាំងអស់គ្នារត់លេងយ៉ាងសប្បាយរីករាយ ដោយយើងឃើញទឹកមុខរបស់ពួកគេគឺញញឹម និងសប្បាយដោយការលេងទឹកនៅក្នុងថ្ងៃចូលឆ្នាំថ្មីនេះតែម្ដងហើយនៅក្បែរនោះ យើងឃើញថា មានសត្វឆ្កែមួយកំពុងតែរត់នៅក្បែរក្មេងស្រី អញ្ចឹងថ្ងៃចូលឆ្នាំមិនត្រឹមតែសប្បាយតែមនុស្សទេ សូម្បីតែសត្វក៏សប្បាយដែរ ព្រោះយើងទាំងអស់គ្នាគឺលេងសប្បាយជាមួយនឹងគ្នា ជាមួយនឹងទឹកនោះតែម្ដង

Khmer New Year (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺជាល្បែងប្រជាប្រិយខ្មែរមួយមុខទៀត គេហៅថាលេងចាប់កូនខ្លែងអញ្ចឹងលេងចាប់កូនខ្លែង គឺយើងត្រូវបែងចែកជាពីរក្រុម ដោយមួយក្រុមមានមនុស្សច្រើនអ្នក ឈរតម្រង់ជួរគ្នាដោយឱបចង្កេះគ្នាទៅវិញទៅមកអញ្ចឹងមួយក្រុមគឺឈរតម្រង់ជួរគ្នាដោយតោងចង្កេះគ្នាពីមុខទៅក្រោយ បាទ ហើយម្នាក់មួយក្រុមទៀតគឺមានសមាជិកតែម្នាក់ប៉ុណ្ណោះ ដោយគាត់ដើរតួជាខ្លែង ចំណែកឯមនុស្សមួយក្រុមដែលឈរតម្រង់ជួរគ្នាដើរតួជាមាន់ ហើយនៅខាងមុខគេគឺជាដើរតួជាមេមាន់ អញ្ចឹងខ្លែងត្រូវទៅសុំចាប់កូនមាន់ពីមេមាន់ ប៉ុន្តែនៅពេលដែលខ្លែងទៅ ខ្លែងត្រូវច្រៀងសុំចាប់កូនខ្លែងពីមេមាន់ ហើយមេមាន់មិនព្រមនោះទេ ដោយមេមាន់ព្យាយាមការពារកូនមាន់នោះឲ្យខានតែងបានអញ្ចឹងល្បែងនេះគឺយើងយកតម្រាប់ទៅតាមសត្វខ្លែង ហើយនិងសត្វមាន់ដែលជាសត្វរស់នៅនៅក្នុងស្រុកភូមិ ហើយសត្វខ្លែងតែងតែមកឆាបកូនមាន់យកទៅស៊ី ហើយមេមាន់តែងតែការពារកូនមាន់របស់គេ ដូច្នេះខ្មែរយើងក៏បានមើលសកម្មភាពរបស់សត្វទាំងពីរ ហើយក៏បង្កើតជាល្បែងនេះឡើងអញ្ចឹងនៅពេលនោះ ខ្លែងត្រូវតែព្យាយាម ធ្វើយ៉ាងណា ចាប់មនុស្សដែលនៅខាងក្រោយឲ្យបាន ហើយមេមាន់ព្យាយាមរត់ទៅបាំងខ្លែងដើម្បីកុំឲ្យចាប់កូនមាន់បានអញ្ចឹងកូនមាន់ដែលនៅខាងក្រោយ ឬក៏មនុស្សដែលនៅខាងក្រោយ ត្រូវតែព្យាយាមរត់តាមមេមាន់ ដើម្បីកុំឲ្យខ្លែងចាប់បាន នៅពេលដែលខ្លែងចាប់បាននោះ កូនមាន់នោះនឹងក្លាយទៅជាចំណីរបស់ខ្លែង ហើយគេនឹងក្លាយទៅជាអ្នកចាញ់ បន្ទាប់មកអ្នកចាញ់នឹងត្រូវច្រៀង ឬក៏រាំទៅតាមអ្វីដែលអ្នកឈ្នះចង់បានអញ្ចឹងល្បែងប្រជាប្រិយខ្មែរដែលលេងនៅក្នុងពិធីចូលឆ្នាំខ្មែរគឺមានច្រើនប្រភេទ មានដូចជាចោលឈូង បោះអង្គញ់ ចាប់កូនខ្លែង លាក់កន្សែងជាដើមហើយល្បែងទាំងអស់នោះ ពុំមែនជាល្បែងស៊ីសងនោះទេ វាគឺជាល្បែងប្រពៃណី ឬក៏ល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរតែងតែលេងដើម្បីភាពសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា តែងតែធ្វើឡើងនៅក្នុងខែមេសា បាទ ខែមេសាដែលជាខែប្រាំង ហើយយើងធ្វើឡើងនេះគឺនៅក្នុង ពេលដែលប្រមូលផលរួច អញ្ចឹងនៅពេលដែលប្រជាជនគាត់ប្រមូលផលស្រែចំការគាត់រួចរាល់ហើយ គាត់ក៏បានរៀបចំពិធីចូលឆ្នាំថ្មីនេះ ដើម្បីជួបជុំគ្នាសប្បាយរីករាយ និងដើម្បីអបអរនូវផលដំណាំ ដែលគាត់បានប្រមូលរួចរាល់ ដូច្នេះគឺយើងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសា ដែលជាខែដែលប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេស គាត់បានប្រមូលផលដំណាំគ្នារួចរាល់ បន្ទាប់មកប្រជាជនខ្មែរ គាត់ក៏បានជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងការកម្សាន្តនៅក្នុងភូមិរបស់គាត់ផងដែរ