KhmerPronunciationEnglish/Notes#occ
ស្រាល sraal 1. to be light (in weight), not heavy, weightless
2. to be slight, trifling, insignificant
3. not serious, petty (of a crime), early (of crops)
8/3

Link to overview page
Link to dictionary

Post Office (Sakanan) — 18


បន្ទាប់មកទៀតរូបភាពទី ១៨ នៅក្នុងរូបភាពទី ១៨ យើងឃើញបន្ទាប់ពីគាត់វេចខ្ចប់អីវ៉ាន់របស់គាត់ហើយ វេចខ្ចប់សៀវភៅរបស់គាត់ចូលទៅក្នុងប្រអប់ហើយ បន្ទាប់មកគាត់ក៏យកប្រអប់នោះមកឲ្យបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍ម្ដងទៀត អញ្ចឹងបុគ្គលិកនោះ បន្ទាប់ពីទទួលបានប្រអប់ គាត់ក៏យកប្រអប់នោះទៅថ្លឹង ដោយសារតែការផ្ញើអីវ៉ាន់គឺគេគិតតម្លៃទៅតាមគីឡូ ទៅតាមគីឡូ ឬក៏ទៅតាមទម្ងន់របស់សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងចង់ផ្ញើ ដូច្នេះប្រសិនបើយើង សម្ភារៈ ឬក៏អីវ៉ាន់ដែលយើងផ្ញើនោះគឺធ្ងន់ អញ្ចឹងគេគិតតម្លៃថ្លៃ ប៉ុន្តែប្រសិនបើស្រាលគឺគេគិតតម្លៃថោក អញ្ចឹងគេគិតតម្លៃទៅតាមទម្ងន់របស់សម្ភារៈដែលយើងចង់ផ្ញើ ដូច្នេះនៅពេលដែលគាត់វេចខ្ចប់ហើយ បុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គាត់ក៏យកអីវ៉ាន់របស់គាត់ យកអីវ៉ាន់របស់ក្មេងប្រុសម្នាក់នោះមកថ្លឹងនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដោយសារតែអីវ៉ាន់ខ្លះគឺស្រាលខ្លាំងពេក ដូច្នេះយើងអត់អាចថ្លឹងនៅលើជញ្ជីង ដែលមានទ្រនិចនាឡិកាបានទេ ដូច្នេះគេត្រូវប្រើជញ្ជីងអេឡិចត្រូនិច ព្រោះជញ្ជីងអេឡិចត្រូនិចគឺវាអាចថ្លឹងទម្ងន់សម្ភារៈដែលស្រាលបំផុតបាន អញ្ចឹងគាត់ក៏បានដាក់កេសក្រដាស ឬក៏ដាក់ប្រអប់សៀវភៅនោះនៅលើជញ្ជីងអេឡិចត្រូនិចមួយ ដើម្បីថ្លឹងទម្ងន់របស់វា

Hospital (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីរត់មកមើលជនរងគ្រោះហើយ នារីម្នាក់នោះ គាត់ក៏សម្រេចចិត្តតេទៅកាន់ឡានពេទ្យ អញ្ចឹងពេលខ្លះ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ អ្នកដែលនៅជិតខាង អ្នកដែលនៅកន្លែងកើតហេតុ គាត់រត់មកមើលជនរងគ្រោះថាតើជនរងគ្រោះរបួសធ្ងន់ទេ អញ្ចឹងពេលខ្លះប្រសិនបើរបួសគាត់គ្រាន់តែរបួសស្រាល បានន័យថារបួសស្រាលគឺគាត់របួសអត់ធ្ងន់ធ្ងរទេ គឺរបួសគាត់ត្រឹមតែរលាត់ដៃ រលាត់ជើង ឬក៏រលាត់ស្បែកតែប៉ុណ្ណោះ អញ្ចឹងគាត់អាចលាបថ្នាំ ឬក៏យកថ្នាំទៅលេបគឺអាចជាសះស្បើយ ដូច្នេះគាត់អត់ចាំបាច់ទៅពេទ្យទេ ដោយសារតែគាត់មានរបួសស្រាល ក៏ប៉ុន្តែអ្នកខ្លះទៀត គាត់ នៅពេលដែលគាត់គ្រោះថ្នាក់ចរាចរណ៍គឺគាត់របួសធ្ងន់ ដូចជាដោយសារតែគាត់ជិះលឿន ឬក៏ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះគឺធ្ងន់ធ្ងរ ដូច្នេះអ្នកខ្លះគាត់អាចបាក់ដៃ បាក់ជើង អ្នកខ្លះគាត់អាចបែកក្បាល ឬក៏អ្នកខ្លះគាត់អាចសន្លប់ អញ្ចឹងនៅពេលដែលមានរបួសធ្ងន់ធ្ងរ អ្នកដែលនៅកន្លែងកើតហេតុ ឬក៏អ្នកដែលនៅក្បែរនោះ គាត់តែងតែតេទៅហៅឡានពេទ្យឲ្យមកជួយសង្គ្រោះ ព្រោះថាប្រសិនបើអត់ហៅឡានពេទ្យទេ គាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបាន អញ្ចឹងប្រសិនបើគាត់មានរបួសស្រាល គឺយើងអត់ចាំបាច់ហៅឡានពេទ្យទេ គឺយើងគ្រាន់តែអាចទៅពេទ្យដោយខ្លួនឯង ឬក៏ទៅគ្លីនិកដែលនៅជិតនោះ ដើម្បីទិញថ្នាំ ឬក៏ដើម្បីលាងរបួសជាការស្រេច ដោយយើងអត់ចាំបាច់ទៅពេទ្យទេ ក៏ប៉ុន្តែប្រសិនបើខ្លាំង គឺយើងត្រូវទៅពេទ្យ ដែលមានឡានពេទ្យមកជំនួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺបុរសម្នាក់នោះ គាត់មានគ្រោះថ្នាក់ចរាចរណ៍ដែលមានរបួសធ្ងន់ ដូច្នេះអ្នកដែលនៅក្បែរនោះ ដែលជានារីម្នាក់ដែលពាក់អាវដៃខ្លី និងមានពាក់វ៉ែនតានោះ គាត់បានសម្រេចចិត្តតេហៅឡានពេទ្យ ដើម្បីមកជួយសង្គ្រោះគាត់ឲ្យផុតពីគ្រោះថ្នាក់ដល់ជីវិត

Hospital (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមកឡានពេទ្យក៏បានមកដល់មន្ទីរពេទ្យ អញ្ចឹងបន្ទាប់ពីឡានពេទ្យគាត់បានទៅជួយសង្គ្រោះ និងបានទៅយកអ្នកជំងឺពីកន្លែងកើតហេតុ ឬក៏កន្លែងគ្រោះថ្នាក់ចរាចរណ៍ហើយ អញ្ចឹងឡានពេទ្យគាត់បើកត្រលប់មកពេទ្យវិញ ដោយសារតែនៅមន្ទីរពេទ្យគឺមានច្រកពីរ បានន័យថានៅពេលដែលអ្នកមានជំងឺធ្ងន់ធ្ងរ ឬក៏អ្នកដែលត្រូវសង្គ្រោះបន្ទាន់ គេឲ្យ[ច្រក]ចូលច្រកផ្សេង គឺច្រកសង្គ្រោះបន្ទាន់ ចំណែកឯអ្នកជំងឺធម្មតា គឺចូលទៅក្នុងច្រកអ្នកជំងឺធម្មតា ព្រោះថាអ្នកដែលឈឺធ្ងន់ធ្ងរ គឺត្រូវសង្គ្រោះបន្ទាន់ ដោយសារតែមានការប្រញាប់ ដូច្នេះមានការប្រញាប់ជាងអ្នកជំងឺធម្មតា ប្រសិនបើគាត់ចូលច្រកជំងឺធម្មតា គឺអាចធ្វើឲ្យគាត់មានការព្យាបាលយឺតយ៉ាវ ដូច្នេះអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬក៏អាចគ្រោះថ្នាក់ដល់ជីវិត អញ្ចឹងប្រសិនបើគាត់ធ្ងន់ធ្ងរ គឺគេចូលច្រកអ្នកជំងឺធ្ងន់ធ្ងរដែលចូលទៅច្រកសង្គ្រោះបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការជួយសង្គ្រោះពួកគាត់បានទាន់ពេលវេលា ចំណែកឯអ្នកដែលមានជំងឺធម្មតា ឬក៏ជំងឺស្រាល គឺយើងអត់ចាំបាច់ចូលទៅក្នុងច្រកអ្នកជំងឺសង្គ្រោះបន្ទាន់ទេ គឺយើងចូលច្រកធម្មតា ហើយយើងអាចចាប់លេខ ឬក៏ធ្វើទៅតាមនីតិវិធីរបស់ពេទ្យ ដើម្បីព្យាបាលជំងឺធម្មតារបស់យើង ប៉ុន្តែប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរ គឺគេចូលទៅច្រកអ្នកជំងឺសង្គ្រោះបន្ទាន់ អញ្ចឹងបុរសម្នាក់នេះ គាត់ប្រហែលជាធ្ងន់ធ្ងរដោយសារតែគាត់គ្រោះថ្នាក់ចរាចរណ៍ខ្លាំង ដូច្នេះឡានពេទ្យក៏បានដឹកជញ្ជូនគាត់ចូលទៅក្នុងកន្លែងអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ អញ្ចឹងឡានពេទ្យបានឈប់ទៅនឹងខ្លោងទ្វារ ឈប់ខាងមុខខ្លោងទ្វារមន្ទីរពេទ្យ ដើម្បីដាក់អ្នកជំងឺចុះ ដោយយើងឃើញនៅទីនេះ គឺមានខ្លោងទ្វារចំនួនពីរ ហើយទ្វារគឺជាទ្វារកញ្ចក់ ដែលយើងឃើញនៅសងខាងផ្លូវគឺមានសញ្ញាបូក អញ្ចឹងសញ្ញាបូកគឺជាសញ្ញាពេទ្យ បានន័យថានៅពេលដែលយើងទៅពេទ្យ យើងតែងតែឃើញមានសញ្ញាបូកមួយ ព្រោះសញ្ញាបូកនេះ គឺតំណាងឲ្យសញ្ញាពេទ្យ អញ្ចឹងបុរសម្នាក់នោះត្រូវបានដឹកជញ្ជូនតាមរយៈឡានពេទ្យ មកដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់